យ៉ាងហោចណាស់អង្ករសែនក្រអូបជាង២១០ តោន ត្រូវបានបញ្ជាទិញពីក្រុមហ៊ុនស្រូវនិងធនាគារស្រូវ នៅថ្ងៃអង្គារនេះ ដើម្បីឆ្លើយតប នឹងការអំពាវនាវរបស់ធនាគារអភិវឌ្ឍន៍ជនបទ បំផុសចលនា «មួយគ្រួសារ ទិញអង្ករខ្មែរមួយបាវ រួមគ្នាជួយកសិករខ្មែរ»។ វិធានការណ៍នេះ គឺបន្ថែមលើការបញ្ចេញថវិកា ២៧លានដុល្លារសហរដ្ឋអាមេរិក របស់រដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញការទិញស្រូវក្រអូបក្នុងស្រុក ដែលកំពុងធ្លាក់ថ្លៃ។ សហព័ន្ធស្រូវអង្ករកម្ពុជា ថ្លែងថា ត្បិតជាកញ្ចប់ទុនតូចមួយមែន តែវាអាចមានឥទ្ធិពលធំ អាស្រ័យលើយន្តការ និងការចូលរួមពីពលរដ្ឋទូទាំងប្រទេស។ សម្រាប់អ្នកវិភាគសេដ្ឋកិច្ច អន្តរាគមន៍ភ្លាមៗនេះ ជាចំណាត់ការល្អ តែមិនទាន់អាចជួយបានច្រើនទេ បើធៀបនឹងតម្រូវការលក់ស្រូវរបស់ពលរដ្ឋខ្មែរ។
លោក ចាន់ សុផល អ្នកវិភាគសេដ្ឋកិច្ចឯករាជ្យ ថ្លែងថា អន្តរាគមន៍របស់រដ្ឋក្នុងការឧបត្ថម្ភធនទិញស្រូវ និងការអំពាវនាវអោយពលរដ្ឋខ្មែរទិញអង្ករខ្មែរ ជួយកសិករខ្មែរ អាចឆ្លើយតបនឹងតម្លៃស្រូវធ្លាក់ចុះបានខ្លះ ព្រោះការប្រមូលផលស្រូវនៅកន្លះរដូវនេះមិនសូវទំហំធំទេ ពោលគឺមានប្រមាណជិត ៤០ម៉ឺនតោន ប៉ុណ្ណោះ។ បើតាម អ្នកវិភាគសេដ្ឋកិច្ចឯករាជ្យរូបនេះ តម្លៃស្រូវធ្លាក់ថ្លៃ ដោយសារការប្រមូលផលស្រូវខុសរដូវ ហើយត្រូវភ្លៀងច្រើន ទើបរោងម៉ាស៊ីនស្រូវ ដែលគ្មានម៉ាស៊ីនសម្ងួរ ក៏មិនហ៊ានទិញដែរ។
អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា លោក ហ៊ុន ឡាក់ បញ្ជាក់ថាការចេញថវិការដ្ឋ តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ ជាកញ្ចប់ទុនតូចមួយមែន តែវាអាចមានឥទ្ធិពលកម្រិតណា អាស្រ័យលើយន្តការទម្លាក់ថវិកា និងដៃគូរោងម៉ាស៊ីនអាចទិញឡសម្ងួតទាន់ពេលវេលា។ តាមផែនការណ៍របស់រដ្ឋាភិបាល ថវិកាទាំងនោះ នឹងទម្លាក់ទៅ រោងម៉ាស៊ីនកិនស្រូវ ដែលមានឃ្លាំង និងឡសម្ងួត ហើយម្ចាស់ម៉ាស៊ីន ត្រូវទៅទិញស្រូវពីកសិករ នៅតម្លៃមិនទាបជាង ៨០០រៀល ក្នុងមួយគីឡូក្រាម។
គួររំលឹកថា កាលពីថ្ងៃទី១៥ កញ្ញា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាស ឧបត្ថម្ភធនសមមូលចំនួន ២៧លានដុល្លារសហរដ្ឋអាមេរិក ដើម្បីជំរុញការទិញស្រូវក្នុងស្រុក ដោយអនុញ្ញាតឲ្យធនាគារអភិវឌ្ឍន៍ជនបទ ជាប្រតិបត្តិករ អនុវត្តគម្រោងនេះ។ ការអនុវត្តកម្មវិធីនេះ រដ្ឋាភិបាលកម្ពុជា អាចជំរុញប្រមូលទិញស្រូវបាន ៩ម៉ឺនតោន ក្នុងតម្លៃលើសពី ៩៤ម៉ឺនរៀល ក្នុងមួយតោន ស្រូវសែនក្រអូប។
លោក ចាន់ សុផល អ្នកវិភាគសេដ្ឋកិច្ចឯករាជ្យ មានកង្វល់ថា រដូវស្រូវធំ គឺនៅខែវិច្ឆិកា ខែធ្នូ ចុងឆ្នាំ ឯនោះទេ ព្រោះអាចមានអ្នកលក់ស្រូវ ប្រមាណ ២លានតោន ឬ(មួយតោន ២៥០ដុល្លារ) ស្មើនឹង ៥០០លានដុល្លារ។ ការបញ្ចេញទឹកប្រាក់ ២៧លាន ដុល្លារ របស់រដ្ឋាភិបាល ក៏តិចតួចដែរ បើប្រៀបនឹងទំហំស្រូវ ដែលកសិករ ផលិតមួយឆ្នាំជាង ៩លានតោន (សរុបទាំង បីរដូវ)។ លោកបន្ថែមថា ជារៀងរាល់ឆ្នាំ កម្ពុជាគ្មានថវិកាទិញស្រូវទេ ឯអ្នកទិញ គឺឈ្នួលនៅប្រទេសជិតខាង ដែលទិញទៅសម្ងួត និងកិន ដើម្បីយកចំណេញ។ ដូច្នេះ អន្តរាគមន៍ភ្លាមៗមិនទាន់អាចមានប្រសិទ្ធិភាពទេ ខណៈនៅលើទីផ្សារអន្តរជាតិ ឈ្នួលជាអ្នកកំណត់តម្លៃ។
លោក ហ៊ុន ឡាក់ អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាថ្លែងថា ប្រសិនបើមាន សណ្ឋាគារ និងពលរដ្ឋទូទាំងប្រទេស ងាកមកប្រើ អង្ករក្រអូបខ្មែរ ផលិតពីកសិករកម្ពុជា ដែលកំពុងប្រមូលផល ពិតជា អាចជួយបាន មួយចំនួនធំ។ លោកក៏ បានស្នើឲ្យរដ្ឋាភិបាល ទប់ស្កាត់លំហូរអង្ករ ដែលមិនបង់ពន្ធ មិនត្រូវការពីក្រៅប្រទេស ដើម្បីជៀសវាងការប្រជែងមិនយុត្តិធម៌។
គួរជម្រាបថា បន្ទាប់ពីការអំពាវនាវរបស់ធនាគារអភិវឌ្ឍន៍ជនបទ ឲ្យប្រជាពលរដ្ឋខ្មែរជួយទិញអង្ករខ្មែរ «មួយគ្រួសារ ទិញអង្ករខ្មែរមួយបាវ រួមគ្នាជួយកសិករខ្មែរ» យ៉ាងហោចណាស់ អង្ករសែនក្រអូបចំនួន ២១០តោន ត្រូវបានបញ្ជារទិញដោយមន្រ្តីរាជរដ្ឋាភិបាល ពាណិជ្ជករ និងក្រុមហ៊ុនឯកជននៅមួយថ្ងៃបន្ទាប់។ នៅថ្ងៃទី២០ កញ្ញា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានអំពាវនាវ ដល់មន្រ្តីរាជរដ្ឋាភិបាល ពាណិជ្ជករ និងក្រុមហ៊ុនឯកជន ជួយទទួលទិញស្រូវប្រជាពលរដ្ឋ ដោយចាត់ទុកថា នេះជាសកម្មភាពចូលរួមចំណែកដ៏សំខាន់ ក្នុងការជួយដល់កសិករយើង។ បើតាមលោកនាយករដ្ឋមន្រ្តី កម្ពុជាត្រូវការថវិកា ៣០០លានដុល្លារ ពីប្រទេសចិន ដើម្បីកសាងរោងម៉ាស៊ិនកិនស្រូវ ឡសម្ងួត ឃ្លាំងស្តុក និងជាទុនសម្រាប់ទិញស្រូវ៕
Sourc: RFA